ព្រះអង្គចេក ព្រះអង្គចម

ព្រះអង្គចេក ព្រះអង្គចម (អង់គ្លេស : Preah Ang Chek Preah Ang Chorm shrine) គឺជាបូជនីយដ្ឋានសាសនាមួយស្ថិតនៅក្រុងសៀមរាប ប្រទេសកម្ពុជា។បូជនីយដ្ឋានសាសនានេះមានទីតាំងស្ថិតនៅក្នុងបរិវេណព្រះរាជដំណាក់ដែលមានដាក់តម្កល់ព្រះពុទ្ធរូប ០២ អង្គនៅក្នុងនោះគឺព្រះអង្គចេកនិងព្រះអង្គចមហើយត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើការគោរពបូជាតាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ។

ព្រះអង្គចេក ព្រះអង្គចម
Preah Ang Chek Preah Ang Chorm
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
ទីតាំង
ទីតាំងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
ប្រទេស កម្ពុជា
ស្ថាបត្យកម្ម
បានបញ្ចប់១៩៨២

ប្រវត្តិសាស្ត្រ

កែប្រែ

ប្រភពដើមមិនច្បាស់លាស់អំពីរូបសំណាកសម័យអង្គរទាំង ០២ អង្គនេះ

កែប្រែ

ព្រះអង្គចេក ព្រះអង្គចម គឺជារូបសំណាកដែលសាងអំពីសំរិទ្ធនិងត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ ១៩៥០ នៅឯម្ដុំព្រៃជុំវិញទីក្រុងអង្គរធំដោយក្រុមមន្ត្រីអភិរក្សដ្ឋានអង្គរ។គេជឿថារូបសំណាកព្រះអង្គចេក ព្រះអង្គចមដើមឡើយត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។យោងតាមវិទ្យាស្ថានមនុស្សសាស្ត្រនិងសង្គមសាស្ត្រនៃរាជ្យបណ្ឌិតសភាកម្ពុជានៅក្នុងរជ្ជកាលព្រះបាទច័ន្ទរាជាដែលបានឡើងគ្រងរាជ្យសម្បត្តិនៅក្នុងសតវត្សរ៍ទី ១៦ ព្រះអង្គបានអនុញ្ញាតឲ្យគេកសាងរូបសំណាកទាំង ០២ អង្គនេះនិងដាក់តម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្តដើម្បីជាកត្តិយសនិងការគោរពដល់ព្រះនាងទាំង ០២ អង្គដែលនៅក្នុងសម័យនោះត្រូវបានចាត់ទុកជាព្រះពោធិសត្វដែលទទួលបានការគោរពបូជាយ៉ាងខ្ពង់ខ្ពស់។រូបសំណាកទាំង ០២ អង្គនេះត្រូវបានបាត់បង់ដោយសារតែប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលគ្មានអ្នកថែរក្សា។[]

អបិយជំនឿអាថ៌កំបាំងរបស់លោកដាប ឈួន

កែប្រែ

បន្ទាប់ពីដឹងថារូបសំណាកព្រះអង្គចេក ព្រះអង្គចមកំពុងរក្សាទុកនៅឯអភិរក្សដ្ឋានអង្គរលោកដាប ឈួនដែលជាចៅហ្វាយខេត្តសៀមរាបនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ រួមជាមួយនឹងកងការពាររបស់លោកបានលួចយករូបសំណាកទាំង ០២ អង្គនេះ[] ហើយដឹកតាមឡានទៅកាន់បន្ទាយរបស់ខ្លួនដែលសព្វថ្ងៃគឺជាសណ្ឋាគារ Angkor Century Hotel។គេបានឲ្យដឹងថារូបសំណាកមួយត្រូវការទាហាន ០៥ នាក់ប្រើកម្លាំងរួមគ្នាទើបអាចលើករួច។បើតាមអបិយជំនឿគេជឿថាលោកដាប ឈួនអាចលើករូបសំណាកទាំង ០២ អង្គនេះដាក់លើស្មារបស់ខ្លួនបានយ៉ាងងាយស្រួល។លោកនិងទាហានរបស់លោកតែងតែចំណាយពេលយ៉ាងហោចណាស់កន្លះម៉ោងនៅក្នុងមួយថ្ងៃដើម្បីថ្វាយបង្គំនិងបួងសួងនៅមុខរូបសំណាកទាំង ០២ អង្គនេះ។[]

គេជឿថារូបសំណាកទាំង ០២ អង្គនេះបានប្រាប់លោកដាប ឈួនឲ្យដឹងខ្លួនជាមុនអំពីអំពីផែនការដែលព្រះបាទនរោត្តម សីហនុមានបំណងធ្វើឃាតលោកបន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ថាក្បត់ជាតិនិងជាប់ទាក់ទងនឹងគម្រោងការ Bangkok Plot ដែលមានគោលបំណងប៉ុនប៉ងផ្តួលរំលំរបបរាជានិយម។លោកបានសម្រេចចិត្តរត់ភៀសខ្លួនទៅសៀមដោយលោកបានព្យាយាមយករូបសំណាកទាំង ០២ អង្គនេះទៅជាមួយប៉ុន្តែមិនអាចធ្វើបានឡើយដោយសារលោកបានបាត់បង់កម្លាំងខ្លាំងដូចដំរីសាអស់ទៅហើយ។[]

បន្ទាប់ពីលោកដាប ឈួនបានស្លាប់រូបសំណាកទាំង ០២ អង្គនេះត្រូវបានមន្ទីរធម្មការនិងសាសនាខេត្តយកទៅរក្សានិងតម្កល់ទុកនៅឯមុខអគារនៅក្នុងពិធីដ៏អធិកអធមមួយនៅក្នុងឆ្នាំ ១៩៥៨។នៅពេលសង្គ្រាមស៊ីវិលកម្ពុជាកំពុងផ្ទុះឡើងនៅខេត្តសៀមរាបរូបសំណាកទាំង ០២ អង្គនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់វត្តដំណាក់ដែលស្ថិតនៅក្បែរនោះនៅក្នុងឆ្នាំ ១៩៧៣។[]

ត្រូវបានបំផ្ទុះចោលនៅក្នុងរបបខ្មែរក្រហមឬត្រូវបានបោះចូលទៅក្នុងទឹក?

កែប្រែ

រូបសំណាកព្រះអង្គចេក ព្រះអង្គចមទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកងទ័ពខ្មែរក្រហម[]ធ្វើការបំផ្ទុះចោល។ទង្វើបែបនេះត្រូវបានគេចាត់ទុកថាជាការប៉ុនប៉ងលុបបំបាត់ប្រជាជននៅខេត្តសៀមរាបចេញអំពីអ្វីដែលពួកគេចាត់ទុកថាជាអបិយជំនឿ។យោងតាមសម្ដេចព្រះសង្ឃរាជទេព វង្ស[]ព្រះអង្គលោកមានការសោកស្តាយចំពោះការបំផ្លិចបំផ្លាញរូបសំណាកសំរិទ្ធទាំង ០២ អង្គនេះដែលឆ្លាក់ដោយបុព្វបុរសរបស់យើងនៅក្នុងសម័យអង្គរវត្ត។ទោះជាយ៉ាងណាមានការរៀបរាប់ខុសៗគ្នាអំពីជោគវាសនារបស់រូបសំណាកទាំង ០២ អង្គនេះដោយលោកឆាំង យុបានអះអាងថារូបសំណាកទាំង ០២ អង្គនេះមិនត្រូវបានបំផ្ទុះចោលនោះទេប៉ុន្តែត្រូវបានបោះចូលទៅក្នុងទឹកទៅវិញ។[]មិនថាជាករណីណាក៏ដោយប្រជាពលរដ្ឋមួយចំនួនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាទាហានខ្មែរក្រហមដែលបានប្រព្រឹត្តទៅលើរូបសំណាកទាំង ០២ អង្គនេះរួមទាំងមេបញ្ជាការរបស់ពួកគេបានស្លាប់ដោយជំងឺនៅក្នុងរយៈពេលខ្លីបន្ទាប់ពីនោះ។[]

ការស្ដារឡើងវិញនូវការគោរពបូជា

កែប្រែ

រូបសំណាកព្រះអង្គចេក ព្រះអង្គចមត្រូវបានគេធ្វើការគោរពបូជាឡើងវិញដោយមានការជួយជ្រោមជ្រែងពីព្រះសង្ឃ ពុទ្ធសាសនិក និង អាជ្ញាធរខេត្តសៀមរាប

យោងតាមឯកសារផ្លូវការរូបសំណាកទាំង ០២ អង្គនេះត្រូវបានស្រង់ឡើងពីបាតស្ទឹងសៀមរាបហើយយកទៅតម្កល់ទុកនៅឯវត្តដំណាក់ដែលជាទីតាំងដើមវិញ។នៅក្នុងឆ្នាំ ១៩៨២ ទីសក្ការៈបូជាសម្រាប់ដាក់តម្កល់រូបសំណាកព្រះអង្គចេក ព្រះអង្គចមឬដែលត្រូវបានហៅថាព្រះពុទ្ធមាសបានចាប់ផ្ដើមសាងសង់ឡើងទល់មុខសួនឯករាជ្យនិងសណ្ឋាគារ Grand Hotel d’Angkor

នៅក្នុងឆ្នាំ ២០០៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកចម ប្រសិទ្ធបានចូលរួមចំណែកនៅក្នុងការពង្រីកនិងកែលម្អទីសក្ការៈបូជានេះ។[]

ឯកសារយោង

កែប្រែ
  1. Po, Yin (2020-08-24). "ប្រវត្តិរបស់ព្រះអង្គចេក និង ព្រះអង្គចម ដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរ" [History of Preah Ang Chek and Preah Ang Chorm, a shrine of the Khmer people]. Institute of Humanities and Social Sciences of the Royal Academy of Cambodia. Retrieved 2022-07-18.[តំណភ្ជាប់ខូច]
  2. Sloan, Michael (2011-07-29). "The hotel de la saved". Phnom Penh Post. https://www.phnompenhpost.com/siem-reap-insider/hotel-de-la-saved.[តំណភ្ជាប់ខូច]
  3. 1 2 Kosal, Por (2020-12-23). "ល្បីថាតា ដាប ឈួន មានអំណាចបារមីខ្លាំងពូកែ តែនៅចាញ់ប្រពន្ធគាត់ឆ្ងាយណាស់" [Dap Chhuon had occult powers, but from behind his wife was even stronger in witchcraft.]. SBM News. Retrieved 2022-07-18.
  4. Kosal, Por (2020-12-23). "ល្បីថាតា ដាប ឈួន មានអំណាចបារមីខ្លាំងពូកែ តែនៅចាញ់ប្រពន្ធគាត់ឆ្ងាយណាស់" [Dap Chhuon had occult powers, but from behind his wife was even stronger in witchcraft.]. SBM News. Retrieved 2022-07-18.
  5. Harris, Ian (2012-12-31) (ជាen). Buddhism in a Dark Age: Cambodian Monks under Pol Pot. University of Hawaii Press. pp. 112. ល.ស.ប.អ. 978-0-8248-6577-1. https://books.google.com/books?id=ih7HDwAAQBAJ.
  6. Nike, Howard J. De; Quigley, John; Robinson, Kenneth J. (2012-05-23) (ជាen). Genocide in Cambodia: Documents from the Trial of Pol Pot and Ieng Sary. 365: University of Pennsylvania Press. ល.ស.ប.អ. 978-0-8122-0546-6. https://books.google.com/books?id=EQw3WtGizq4C&dq=preah+ang+chek+preah+ang+chorm&pg=PA365.
  7. Harris, Ian (2008-03-11) (ជាen). Cambodian Buddhism: History and Practice. University of Hawaii Press. pp. 287. ល.ស.ប.អ. 978-0-8248-3298-8. https://books.google.com/books?id=rVnMxVz_Bg8C&dq=preah+ang+chek+preah+ang+chorm&pg=PA287.
  8. Thik, Kaliyann (2011-09-23). "The guardian statues". Phnom Penh Post. https://www.phnompenhpost.com/siem-reap-insider/guardian-statues.
  9. Thik, Kaliyann (2011-09-23). "The guardian statues"[តំណភ្ជាប់ខូច]. Phnom Penh Post. Retrieved 2022-07-18.